ឯកឧត្តម គួច វែងស្រ៊ុន៖ សម្ដេចតេជោ ហ៊ុនសែន បាន​ការពារ​ទឹកដី ដោយយក​ជីវិតជាដើមទុនតាំងពីសម័​យ​រំដោះរបប​​ខ្មែរក្រហម រហូតដល់សម័យសន្តិភាព

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានការពារទឹកដី ដោយយកជីវិតជាដើមទុន តាំងពីសម័យរំដោះរបបខ្មែរក្រហម រហូតដល់សម័យសន្តិភាព ។

ភ្ជាប់ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តម ក៏បានបង្ហាញវីដេអូជិត២នាទី នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ កាលពីឆ្នាំ២០១១ ផងដែរ។ វីដេអូនោះ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ដែលគ្រានោះជានាយករដ្ឋមន្ត្រី បានប្រតិកម្មខ្លាំងៗ ចំពោះការព្យាយាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

ឯកឧត្តម គួច វែងស្រ៊ុន គូសរំលេចថា នៅពេលដែលមានការឈ្លានពាន សម្ដេចតេជោ ក៏បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពជាតិ បូរណភាពទឹកដី ។ នេះ គឺជាវីរភាពស្នេហាជាតិពិតប្រាកដ ហើយគ្មានតម្លៃ និងកន្លែងណាមួយដែលសម្ដេចតេជោ និងរាជរដ្ឋាភិបាល សម្ដេចធិបតី នាយករដ្ឋមន្ត្រី ត្រូវលះបង់ទឹកដី ដើម្បីឱ្យប្រជាជន ជេរស្ដីនោះទេ ព្រោះទង្វើនេះនឹងក្លាយជាទោសប្រវត្តិសាស្រ្ត ។

ក្នុងនាមជាពលរដ្ឋម្នាក់ដែលបានទទួលមនុញ្ញផលនៃសុខសន្តិភាពដែលសម្ដេចតេជោ និងសម្ដេចធិបតី បានខិតខំស្វែងរក និងផ្ដល់ជូនប្រជាជនកម្ពុជា ហើយបាន និងកំពុងខិតខំគ្រប់បែបយ៉ាងដើម្បីជាតិមួយនេះ ឯកឧត្តម បង្ហាញក្តី​ជឿជាក់ថាសម្ដេចទាំងទ្វេ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នឹងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការពារឱ្យខាងតែបានទឹកដីជាតិ បូរណភាពជាតិ ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ៕

អត្ថបទ៖ ពុទ្ធិកា