សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឳកាសជូនសារតាំងនេះ ឯកឧត្ដម ដឺរិក យីប(Derek Yip) បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ក្នុងនោះ មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីនជាដើម។
ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញបំណងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ អភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ឯកឧត្តម ក៏សន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យដែលមានសក្ដានុពល ដើម្បីជួយកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។ ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា អូស្រ្តាលី បានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្រ្តាលី គឺមានកម្រិតទាបនៅឡើយ។
សម្តេចតេជោ ក៏ស្នើអគ្គរាជទូតថ្មីខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ ៕
អត្ថបទ៖ ពុទ្ធិកា