សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសេីររដ្ឋបាល​ខេត្តកំពត​ ដែល​បានសាងសង់​នាឡិកាធំ រួមចំណែកលេី​កកម្ពស់វិស័យ​ទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសេីររដ្ឋបាលខេត្តកំពត​ លើកិច្ចខិតខំប្រឹងប្រែង​សាងសង់នាឡិកាធំ ដែលជាសមិទ្ធផលថ្មី​ រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក​ និងក្រៅស្រុក​ ហើយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា។

លើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសរសេរក្នុងខ្លឹមសារអំពាវនាវថា៖ “សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី​ ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត​ ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីង​ផងដែរ។”

សម្តេចធិបតី បានចាត់ទុកសមិទ្ធផលថ្មីនៅក្រុងកំពត​ នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ​ ដែលបានផ្តល់ភាពទាក់ទាញ​ និងលេីកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់កម្ពុជា។

គួរបញ្ជាក់ថា នាឡិកាធំនិងខ្ពស់ជាងរបស់កម្ពុជា ត្រូវបានរៀបចំពិធីក្រុងពាលីដំឡើង កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។នាឡិកាខ្នាតធំកម្ពស់ ៣៥ម៉ែត្រ និងអង្កត់ផ្ចិតជិត១០ ម៉ែត្រ បានដំឡើងរួចរាល់កាលថ្ងៃទី២៩ សីហា ២០២៤៕

អត្ថបទ៖ ពុទ្ធិកា