សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្ត បានឲ្យដឹងថា សមាគមភាពយន្តកម្ពុជា មានគោលជំហរចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ សហការដើម្បីអភិវឌ្ឍវិស័យភាពយន្ត។
ក្នុងនោះ បញ្ហាសំខាន់ៗចំនួន ៧ចំណុច ត្រូវបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ១. ស្នើសុំបន្តការលើកលែងពន្ធផ្សេងចំពោះផលិតករភាពយន្ត។ ២.ស្នើសុំបង្កើតមូលិធិភាពយន្ត ដោយបង្វិលពន្ធ១០ភាគរយដែលបានមកពីចំណូលក្នុងការលក់សំបុត្រចំពោះរឿងខ្មែរ និងរឿងបរទេស ដើម្បីទ្រទ្រង់ការផលិតភាពយន្តអោយបានច្រើន ដែលជាការរកឱកាសការងារដល់សិល្បករ ក្រុមអ្នកបច្ចេកទេស។ល។ ៣. ការទាមទារអោយតំឡើងការចែកភាគរយជាមួយរោងភាពយន្ត ដែលកន្លងមករោង យក៤៥% ផលិតករ បានតែ៥៥%។ ៤.រាយការណ៍ពីហានិភ័យនៃការដួលរលំវិស័យភាពយន្តជាថ្មីម្តងទៀត នៅឆ្នាំខាងមុខៗ ប្រសិនបើរដ្ឋមិនរិះរកមធ្យោបាយដើម្បីជួយដល់ផលិតករ។ ៥. ទាមទារអោយមានការកាត់បន្ថយការចូលភាពយន្តបរទេស។ ៦ . ការសម្រួលតម្លៃក្នុងការចូលថតភាពយន្តក្នុងបរិវេណតំបន់បេតិកភ័ណ្ឌនានា ជាពិសេសក្នុងតំបន់អង្គរ។ និង៧. ការសម្រួលលិខិតបទដ្ឋានរដ្ឋាបាលនានា ក្នុងការស្នើសុំទីតាំងថត ក្នុងកន្លែងសាធារណៈខេត្តក្រុងផ្សេងៗ។
ប្រធានសមាគមភាពយន្ត បានបញ្ជាក់ដែរថា ផលិតកម្មដែលជាសមាជិកសមាគមនៅឆ្នាំ២០១៥ មាន ២៣ ផលិតកម្ម តែរហូតមកដល់ពេលនេះ ផលិតកម្មខ្លះបានបិទ និងផ្អាកតំណើរការ ហើយនៅសល់តែ៥ ផលិតកម្មដែលកំពុងដំណើរការ៕
អត្ថបទ៖ អក្ខរា