គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនឹងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើម ពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ។
ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិនេះ ប្រៀបដូចទឹកបាក់ទំនប់ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ដដែលៗតែប៉ុណ្ណោះ។
ឯកឧត្តមបញ្ជាក់ថា ការបង្កើតមូលនិធិនេះធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងក្នុងគោលបំណង កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវ ក្រវាត់ព្រំដែន។
សន្ទុះនៃការគាំទ្រ មូលនិធិនេះ បានផុសផុលខ្លាំងក្លាដោយមានការចូលរួមបរិច្ចាគថវិកា ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ មន្ត្រីរាជការ កម្លាំងគ្រប់ប្រភេទ ព្រះសង្ឃនិងមហាជនពីគ្រប់មជ្ឈដ្ឋាននានា ។ សន្ទុះនៃការគាំទ្រនេះ ជាការបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល៕
អត្ថបទ៖ ពុទ្ធិកា