រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់។ ឃុំទាំង៥នោះរួមមាន គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ សីហា ២០២៤ បានកំណត់ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ហើយទីតាំងរដ្ឋបាល ក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម។
ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់។ រីឯក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំចំនួន ៥គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និង គណៈអភិបាលក្រុងកំពង់សោម មកជំនួស។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ។ ខេត្តនេះមានព្រំប្រទល់ ខាងកើត ជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ ,ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃឡង់ និងខាងជើងជាប់នឹង ខេត្តកោះកុង។ការសម្រេចបង្កើត ក្រុងកំពង់សោម បានធ្វើឲ្យខេត្តជាប់សមុទ្រមួយនេះ មានក្រុងស្រុក កើនដល់ចំនួន៦ ៕
អត្ថបទ៖ ពុទ្ធិកា