សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវថ្នល់ ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋានដែលជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីរបស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារថា ល្ងាចនេះសម្តេចមានការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវថ្នល់ ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ កាយវិការយ៉ាងផុសផុល សម្តេចចាត់ទុកថា ជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។
តាមរយៈសារលើបណ្តាញសង្គម សម្តេចតេជោបានគូសបញ្ជាក់ពីភាពជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលជាថវិកាខ្លះ ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «ខ្ញុំក៏បានទទួលដំណឹងថា ចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី ១០០រៀលឡើងទៅ ដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា»៕