លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។
តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា មានកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលកម្ពុជា និងចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន ហើយលោកបញ្ជាក់ថា ភាគីចិមនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយជាភាសាចិននេះ ក្រសួងការពារជាតិ បានចេញមកប្រកាសបដិសេធយ៉ាងដាច់អហង្ការ និងបានចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត ដែលជាទង្វើដែលមិនអាចអត់ឱនឱ្យបាន។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងសារនៅថ្ងៃទី២២ ខែសីហា ដោយបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះឃ្លីបវីដេអូនេះ ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ប្រកាសជាឱឡារិក ប្តេជ្ញាស្មោះត្រង់ដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្តេជ្ញាការពារនិងទប់ស្កាត់មិនឱ្យក្រុមណា ឬមជ្ឈដ្ឋានណាអាចមកបំផ្លាញសាមគ្គីភាពផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនទោះក្នុងតម្លៃណាក៏ដោយ៕
អត្ថបទ៖ អក្ខរា