ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។
ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។
ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។
ដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ៕