ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ សីហា ២០២៤ បានច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមាន ការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ បុគ្គល គឹម សុខ នោះទេ។ បន្ថែមពីនេះ គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុនខេមបូឌាន អិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នេះ រួចហើយផងដែរ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ទៀតថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណា ម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែ យកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ឯកឧត្តម បានកត់សម្គាល់ឃើញថា នេះពុំមែនជាលើកទី១នោះទេ ដែល បុគ្គល គឹម សុខ នេះ បានប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកជំទាវបណ្ឌិត ក៏ដូចជា សម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាប បំផុតក្នុងនាមជាមនុស្ស។
ឯកឧត្តម ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ និងថោកទាប បំផុតរបស់បុគ្គល គឹម សុខ ហើយបុគ្គលនេះត្រូវតែទទួលខុសចំពោះច្បាប់ជាធរមាននូវទង្វើរបស់ខ្លួន និងស្នើឱ្យ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ដែលតែងតែបានតាំងខ្លួនឯងថាជាអ្នកវិភាគនយោបាយ។
ជាមួយគ្នានេះ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ នៅថ្ងៃទី២៧ សីហា ក៏បានបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះដែរ។ ហើយចាត់ទុក ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាន៕
អត្ថបទ៖ ពុទ្ធិកា