ព្រលានយន្ដហោះអន្ដរជាតិតេជោ តម្លៃជាងជិត២ពាន់លានដុល្លារ គិតមកដល់ពេលនេះ សាងសង់សម្រេចបានជាង ៤៤ភាគរយហើយ ខណៈការដោះស្រាយផលប៉ះពាល់ក៏សម្រេចបាន ៦៣.១ភាគរយផងដែរ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល»កាលថ្ងៃទី៣០ ខែមីនា។
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិតេជោ មកដល់ពេលនេះ បានអនុវត្តការសាងសង់បាន៤៤.៣ភាគរយ នៃព្រលានទាំងមូល។ ដោយឡែក ការដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងព្រលានយន្ដហោះនេះ សម្រេចបាន ៦៣.១ភាគរយ នៃទំហំផ្ទៃដីព្រលានទាំងមូល២,៦០០ហិកតា ស្មើនឹង១៦៤០ហិកតា។
លោកបានបន្តថា៖ «ក្នុងនោះដែរ ដីដែលកំពុងបន្ដដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន ៣០២ហិកតា ស្មើនឹង១១ភាគរយ ខណៈដីដែលគ្រប់គ្រងដោយក្រុមហ៊ុន ហើយប៉ះពាល់ជាមួយព្រលាន គឺមានចំនួន ៦៥៧ហិកតា ស្មើនឹង២៥.២៦ភាគរយ ហើយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត នឹងបន្ដព្យាយាមដោះស្រាយបន្ដទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដីសរុប២៦០០ហិកតា ហើយគម្រោងសាងសង់មាន៣ដំណាក់កាល ដែលគ្រោងនឹងចំណាយថវិកា១,៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយ៕