ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់ទទួលកុំព្យូទ័រចំនួន១៥០គ្រឿង ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ពិធីប្រគល់និងទទួល បានធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ថ្លែងក្នុងជំនួបមុននឹងពិធីប្រគល់ និងទទួលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។
បន្ថែមពីនេះ កិច្ចសហការរវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ការពង្រឹងនិងការជំរុញបរិវត្តកម្មរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាពដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងជាផ្នែកដ៏សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្ទៀតផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ដែលផ្តោតលើកិច្ចការងារសំខាន់ៗសម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានព្រមព្រៀងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធើណែត សម្រាប់ប្រើប្រាស់ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕