មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ បើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តាមរយៈមូលនិធិនេះ នឹងឃើញស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិ ជាពិសេសនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថារដ្ឋាភិបាលកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក ជាដើម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅតាមភូមិថ្មីៗ រាជរដ្ឋាភិបាល នឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ជនរួមជាតិ ចូលរួមជាមួយមូលនិធិនេះ ទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចសង្កត់ធ្ងន់ថា នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដី ប្រសិនខ្លាចបាត់បង់ទឹកដី។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវ ក្រវាត់ព្រំដែន។
ចាប់តាំងឆ្នាំ១៩៩៤ មករាជរដ្ឋាភិបាល បានជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសជិតខាង ដែលរួមមានវៀតណាម ឡាវ និងថៃ។ ក្នុងនោះជាមួយព្រំដែនកម្ពុជា-វៀតណាម ចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ កសាងផ្លូវបានប្រវែង ប្រមាណជាង៦៨០ គីឡូម៉ែត្រលើផែនការសរុបជាង១០០០ គីឡូម៉ែត្រ។ ព្រំដែនកម្ពុជា-ថៃ ពីឆ្នាំ១៩៩៤ ដល់ ២០២៣ បានកសាងផ្លូវបានប្រវែងប្រមាណជាង៤៥០គីឡូម៉ែត្រលើផែនការសរុបប្រវែងប្រមាណជាង៥០០ គីឡូម៉ែត្រ។ និងព្រំដែនកម្ពុជា-ឡាវ ពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងបានប្រវែងជិត១៨០ គីឡូម៉ែត្រ លើផែនការសរុបជាង៣០០ គីឡូម៉ែត្រ ៕
អត្ថបទ៖ ពុទ្ធិកា