ឯកឧត្តម ហ៊ុន ម៉ានិត៖ ម្លប់នៃសន្តិភាព គឺបានផ្ដល់​ឱកាស​ឱ្យយើងគ្រប់បែបយ៉ា​ង​ក្នុងការ​កសាងសមិទ្ធផល​នានា

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើងគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅឲ្យប្រសើរឡើង។ ការគូសបញ្ជាក់នេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ២ជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វាស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម ហ៊ុន ម៉ានិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើជាសាក្សី ដែលយើងទទួលបានសមិទ្ធផលថ្មីមួយទៀត នៅក្រោមម្លប់សន្តិភាព។

នៅក្នុងឳកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា អគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។ ក្រោយថ្ងៃ ៧ មករា ១៩៧៩, សាលានេះបានចាប់ផ្ដើមរៀបចំឡើងវិញដោយមានតែ ១អគារ ៣បន្ទប់ ធ្វើអំពីឈើប្រក់ក្បឿង លុះដល់ឆ្នាំ១៩៩៥ អង្គការរ៉េដបាណា ផ្តល់អគារសិក្សា១ខ្នង ៦បន្ទប់ ធ្វើពីឈើប្រក់ក្បឿង គ្មានកម្រាល ហើយនៅក្នុងឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សា ២ខ្នង ១០បន្ទប់ សាងសង់ពីថ្ម ប្រក់ក្បឿង។

ឯកឧត្តម បានបន្តថា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០០៤-០៥ សាលានេះ បានបង្កើតជាអនុវិទ្យាល័យល្វា ដោយបានប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ មាន១០ថ្នាក់។ ដោយសារកំណើនសិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០០៥-២០០៦ លោកនាយកអនុវិទ្យាល័យ បានបែងចែកវេនសិក្សាជា ៣វេន។

សាលានេះ បានទទួលការជួយឧបត្ថម្ភគាំទ្រ ពីដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ក្នុងការជួយកសាងសង់អាគារសិក្សាជាបន្តបន្ទាប់ជាក់ស្ដែងអគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ កសាងនៅឆ្នាំ២០២០ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជំរុញការចូលរៀនរបស់កុមារនៅមូលដ្ឋានឱ្យបានច្រើន៕

អត្ថបទ៖ ពុទ្ធិកា