ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមចំនួនពីរ ក្នុងនោះទី១ ការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» និង ទី២ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានដោយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះគំនិតផ្តួចផ្តើមទី១ ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយ ករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង អភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) ក្នុងការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយ ឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ។
និងទី២ គឺប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់ សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។
បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅពីរគឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវក្រវ៉ាត់ព្រំដែន៕
អត្ថបទ៖ ពុទ្ធិកា