ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទន ការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជាបាននិងកំពុងបន្តដំណើរក្នុងគន្លង មួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង កម្ពុជារក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិត ទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។
សម្ដេចធិបតី បញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ចវិញ រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥%ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។ ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធនិង គមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី សង្កត់ធ្ងន់ថាសមិទ្ធផល ទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្ដី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕