លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា រយៈពេល១ឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចេញដំណើរប្រកបដោយភាពស្វាហាប់។ តែយ៉ាងណា ជាសច្ចភាព គ្មានប្រទេសជាតិឬរដ្ឋណាមួយ ដែលអាចអភិវឌ្ឍជាតិបានល្អប្រសើរ ដោយគ្មានការកែទម្រង់ជាបន្តបន្ទាប់តាមលំដាប់ពេលវេលានោះទេ។ ហេតុនេះហើយ ក៏នៅមានចំណុចមួយចំនួនទៀតដែលរាជរដ្ឋាភិបាលគួរឆ្លុះបញ្ចាំងពិនិត្យមើល និងកែទម្រង់បន្ថែមទៀតផងដែរ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបន្តការកាត់សាច់ស្អុយចេញ ដែលវិធានការនេះ ធ្លាប់ត្រូវបានលើកឡើងនៅក្នុងនីតិកាលមុនៗមកម្ល៉េះ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តសកម្មភាពអសកម្ម ប្រាសចាកពីគោលការណ៍ច្បាប់ និងរារាំងការសម្រេចបាននូវគោលដៅចម្បងៗរបស់រាជរដ្ឋាភិបាល ពោលគឺរាជរដ្ឋាភិបាលត្រូវតែហ៊ានអាកាត់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តខុសឆ្គងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍប្រទេសនិងគោលការណ៍គាំពារប្រជាពលរដ្ឋដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
បើតាមលោកបណ្ឌិត យង់ ពៅ, ជនទាំងអស់នេះ អាចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈនៅក្នុងមុខតំណែង ក៏ដូចជាធុរជនដែលមានចេតនាទុច្ចរិត ដែលធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ បំផ្លាញផលប្រយោជន៍សង្គមជាតិ រារាំងដំណើរវឌ្ឍនភាពប្រទេស ឬក៏ធ្វើឱ្យអសកម្មនូវការអនុវត្តគោលនយោបាយរបស់រដ្ឋជាដើម។ អ្នកទាំងអស់នេះ គួរតែត្រូវបានចាត់វិធានការឱ្យបានតឹងរ៉ឹង ឬកាត់ទោសទៅតាមច្បាប់ដែលមានជាធរមានរបស់ប្រទេសកម្ពុជា។
លោកបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបង្កើនទំនុកចិត្តពីសាធារណជនចំពោះមន្ត្រីមុខងារសាធាណៈ បន្តបង្ខិតសេវាសាធារណៈឱ្យទៅដល់ជិតប្រជាពលរដ្ឋ ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនដល់មហាជន។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មានការជជែកវែកញែកគ្នា អំពីការព្រួយបារម្ភ និងមានការលើកឡើងអំពីការរអ៊ូរទាំរបស់ប្រជាពលរដ្ឋមួយចំនួន អំពីការបាត់បង់ជំនឿចិត្តរបស់ពលរដ្ឋទៅលើមន្ត្រីមុខងារសាធារណៈដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែរកឱ្យឃើញនូវមូលហេតុដែលនាំទៅដល់ការបាត់បង់ជំនឿចិត្តនេះ ហើយដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការបាត់បង់ជំនឿចិត្តពីសាធារណជនលើមន្ត្រីសាធារណៈ គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលរាជរដ្ឋាភិបាលនៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវតែដោះស្រាយឱ្យបាន ព្រោះនៅពេលដែលប្រជាជនបាត់បង់ទំនុកចិត្តលើមន្ត្រីមុខងារសាធារណៈ ការគាំទ្រចំពោះរាជរដ្ឋាភិបាលនឹងអាចថមថយចុះ ឬបាត់បង់ប្រជាប្រិយភាពរហូតដល់បាត់បង់ឱកាសនៅក្នុងការដឹកនាំរដ្ឋតែម្ដង។ឪ
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគួរតែជំរុញមន្ត្រីនិងសមាជិករបស់ខ្លួន ឱ្យអនុវត្តគោលនយោបាយដែលបានដាក់ចេញ ឱយដើរស្របគ្នាទៅនឹងបាវចនារបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្លាយទៅជាកោសិកាដែលប្រកបដោយថាមភាព និងមានភាពខ្លាំង ក៏ដូចជាភាពធន់ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរជាយថាហេតុណាមួយដែលអាចកើតមានឡើង៕