សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនរួមជាតិចូលរួមក្នុងមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីរួមគ្នាការពារបូរណភាពទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងបុព្វហេតុការពារទឹកដី។ នេះបើតាមប្រសាសន៍សម្តេចធិបតី ក្នុងពេលថ្លែងសារពិសេសសម្រាប់ខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជូនជនរួមជាតិថា សម្តេចបានសម្រេចផ្តួចផ្តើមបង្កើតឲ្យមានមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។

សម្ដេចធិបតី មានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ ទី១. កៀរគរថវិកាបន្ថែម និងទី២. ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង»។

បើតាមសម្តេចធិបតី, រាជរដ្ឋាភិបាល បានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៥,៩៦គីឡូម៉ែត្រ លើផែនការសរុប១,០៦៦គីឡូម៉ែត្រ ព្រំដែនកម្ពុជា-ថៃ កសាងផ្លូវបាន ៤៥៥,៥គីឡូម៉ែត្រ លើផែនការសរុប ៥០៩គីឡូម៉ែត្រ និងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ កសាងបាន ១៧៩,២គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ។ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតីបានផ្តល់គោលការណ៍ឯកភាពលើផែនការរបស់កងវិស្វកម្ម សម្រេចបញ្ចប់ជំហាន១ លើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្តាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនកម្ពុជាជាប់ ថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) នៅលើដីដែលបានឯកភាពគ្នារួចហើយ៕

អត្ថបទ៖ អក្ខរា