ក្រសួង​ធនធានទឹក និងឧតុនិ​យម និងធនាគារARDB ស្កាត់​ជួបគ្នា​ស្វែងរក​កិច្ចសហការ​រៀបចំប្រព័ន្ធធារា​សាស្ត្រ ជួយ​វិស័យ​​​កសិកម្ម

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយគណៈ​ប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយ​ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គ​នាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

ជំនួបនេះ គឺមានគោលបំណង​ដើម្បី​ស្វែងរ​ក​កិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិតសម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹងការជំរុញ​ខ្សែច្រវាក់​ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការ​នានានៅពេល​ខាងមុខ។

ឯកឧត្ដម ថោ ជេដ្ឋា បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុង​អាណត្តិ​​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តការកសាងហេដ្ឋា​រចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និង​ឧតុនិយម ដើម្បីធានា​បាននូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកម្ពស់​កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច ក៏បានបញ្ជាក់ដែរថា ធនាគារ​អភិវឌ្ឍន៍ជនបទនិងកសិកម្មបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ គឺជា​ធនាគារដែលបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយ​ធ្វើ​ប្រតិបត្តិការចម្បងផ្ដោតលើការផ្ដល់ឥណទានដល់អតិថិជន និង​ឥណទាន​បោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បី​ផ្ដល់​ឥណទាន​បន្តជូនប្រជាកសិករ។

ឯកឧត្តម កៅ ថាច បន្តថា ធនាគារARDB កំពុងស្វែងរកឱកាសសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែម និងពង្រីកការផ្ដល់​ឥណទានជូនអតិថិជនឱ្យកាន់​តែមាន​ប្រសិទ្ធភាព៕

អត្ថបទ៖ ពុទ្ធិកា