សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេ​ញ ពាក់​ព័ន្ធករណីព្យាយាម​វាយប្រហារមកលើគេហទំព័រស្ថាប័នរដ្ឋ

អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យចំនួនម្នាក់ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ ខណៈជនសង្ស័យចំនួន២នាក់ទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និង​បានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។

ការឃាត់ខ្លួនជនសង្ស័យទាំង៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជា​ឱ្យអគ្គ​នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ រហូតឈាន​ដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣រូប បានសារភាពថា ខ្លួនពិតជាបានបង្កើតក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារមកលើ​គេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាល​កម្ពុជាពិតប្រាកដមែន ហើយបច្ចុប្បន្នសំណុំរឿង និងជនសង្ស័យទាំង៣រូបនេះ ត្រូវបានប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។

បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាព​បច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រួមមាន (១) ឈ្មោះ ស.គ.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, (២) ឈ្មោះ ថ.ស.រ.ព ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, និង (៣) ឈ្មោះ ល.ម.ឃ ជនជាតិខ្មែរ មុខរបរសិស្ស។

បន្ទាប់ពីសមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំង០៣រូបខាងលើរួចមក, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន៕

អត្ថបទ៖ ពុទ្ធិកា