សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែង​រកវត្ថុបុរាណខ្មែរ​ដែលបាត់​ត្រល​ប់មកកម្ពុជាវិញ

សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់កាលពីពេលកន្លងទៅត្រលប់មកកម្ពុជាវិញ ពីព្រោះគា្មនវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូចតា និងអត្តសញ្ញាណជាតិខ្លួនឯងបាននោះឡើយ។ ការ ថ្លែងអះអាងបែបនេះ បានធ្វើឡើងនៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការការពារទប់ស្កាត់អំពើចោរកម្ម ការចរាចរ ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរកទាមទារមកវិញនូវមរតកវប្បធម៌ជាតិ ។ លទ្ធផលនៃប្រឹងប្រែងក្នុងពេលកមន្លងមកទាំងនេះ បានធ្វើឲ្យកម្ពុជាអាចនាំយកមកនូវសម្បត្តិបេតិកភណ្ឌជាតិ ត្រលប់មកមាតុប្រទេសវិញ ជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏អំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌ដល់ជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងឧត្តុងឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ។

គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរ សរុបចំនួន ១០​៩៨ វត្ថុ ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ។ ហើយការប្រគល់ត្រលប់នេះ គឺពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, នូវេលហ្សេឡង់ និងចិន៕

អត្ថបទ៖ ពុទ្ធិកា