សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី“ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម និងបែកបាក់គ្នា ប៉ុន្ដែការទទួលបានវត្ថុបុរាណមកវិញថ្ងៃនេះ ក៏ដោយសារពេលនេះខ្មែរមានសុខសន្ដិភាព។
សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការទទួលបានបុរាណវត្ថុខ្មែរត្រលប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតីបន្ថែមថា សង្គ្រាម និងការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ៕