អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ Samdech Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ) ដែលបានផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”!
អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះគឺជាការបំផ្លើសដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យទាក់ទងនឹងជំហររបស់ សម្ដេចក្រឡាហោម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។
អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង យល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាបាន យ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ។
នៅក្នុងករណីនេះ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់រួចហើយ និងក៏បានធ្វើការអំពាវនាវផងដែរ ដល់ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូន ជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើ គ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ របស់កម្ពុជា នៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់ ៕