«ខ្លាចគេដេញលែងឱ្យជ្រក» និង«ដើម្បីលុយ» ទើបអ្នករត់ចោលស្រុកមួយចំនួនខំប្រឹងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា

អ្នកនយោបាយ អ្នកវិភាគ និងអ្នកអត្ថាធិប្បាយមួយចំនួនដែលកំពុងរស់នៅប្រទេសគេ បានធ្វើសកម្មភាពវាយប្រហារមកលើរាជរដ្ឋាភិបាលគ្រប់មធ្យោបាយទាំងអស់ ហើយថែមទាំងញុះញង់ឱ្យប្រជាពលរដ្ឋក្រោយឈរឡើងផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។ សំណួរសួរថា ហេតុអ្វីបានជាពួកគេខិតខំធ្វើបែបនេះ? មិនពិបាកឆ្លើយ និងមិនពិបាកយល់ទេ នោះ គឺព្រោះថា ដើម្បីផ្គាប់ចិត្តម្ចាស់ផ្ទះ ខ្លាចគេលែងឱ្យជ្រកផ្ទះគេតទៅទៀត ហើយម្យ៉ាងទៀត ក៏ដើម្បីទទួលកាដូជាលុយពីម្ចាស់ផ្ទះ និងពីពលរដ្ឋខ្មែរផ្សេងទៀតនៅខាងក្រៅប្រទេសផងដែរ។

ធម្មតាទេ អ្នករត់ចោលស្រុកទៅរស់នៅស្រុកគេ ដូចយ៉ាង លោក ឆាំ ឆានី លោក គឹម សុខ លោក ស៊ន ដារ៉ា និងលោក ហៃ វណ្ណា ជាដើម ខំប្រឹងណាស់វាយប្រហារជាតិខ្លួនឯង បំភ្លៃបំប៉ោងព័ត៌មានមិនពិតដល់ប្រជាពលរដ្ឋខ្លួន​ឯង ថែមទាំងញុះញង់ឱ្យពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលរបស់ខ្លួនថែមទៀត។ តើពួកគេបានប្រយោជន៍អីពីការធ្វើបែបនេះ? គឺពួកគេខ្លាចម្ចាស់ប្រទេស គេដេញលែងឱ្យនៅតទៅទៀត ព្រោះមិនបានធ្វើសកម្មភាពណាដែលធ្វើឱ្យមានផលប្រយោជន៍ជានយោបាយដល់ប្រទេសគេ។ ជាទូទៅ ប្រសិនបើយើងស្នាក់នៅផ្ទះគេ ហើយមិនធ្វើសកម្មភាពណាមួយទេ នោះ ម្ចាស់ផ្ទះគ្មានលេសអ្វីដែលត្រូវឱ្យយើងស្នាក់នៅបន្តនោះដែរ។ យ៉ាងណាមិញ ជនប្រឆាំងជាតិឯងទាំងប៉ុន្មាននាក់ខាងលើនេះ ត្រូវតែខំប្រឹង ដើម្បីបានបន្តរស់នៅ។

ម្យ៉ាងវិញទៀត ពួកគេទាំងនេះ មិនទាន់ទទួលបានសញ្ជាតិជាពលរដ្ឋគេនៅឡើយទេ ពោល គឺគ្រាន់តែមានសិទ្ធិរស់នៅបណ្តោះអាសន្នក្រោមសិទ្ធិជ្រកកោនផ្នែកនយោបាយប៉ុណ្ណោះ។ អ៉ីចឹងហើយ ពួកគេត្រូវតែធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យម្ចាស់ប្រទេសគេមើលឃើញ និងដើម្បីឱ្យមានការឆ្លើយតបពីខាងរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា។ ត្រង់ចំណុចនេះ គឺជារឿងសំខាន់។ សំខាន់ គឺថា បើមានការឆ្លើយតបខ្លាំងៗណាមួយពីរាជរដ្ឋាភិបាលកម្ពុជា គឺពួកគេ នឹងយកការឆ្លើយតបនោះ ទៅបញ្ចេញបញ្ចូលថា ជាការគំរាមអីជាដើម។ នៅពេលមានហេតុផលនេះហើយ ពួកគេនឹងប្រាប់ទៅម្ចាស់ប្រទេសជួយឱ្យពួកគេរស់នៅបន្ត ព្រោះរងគំនាប និងការគំរាមពីរាជរដ្ឋាភិបាលកម្ពុជា។ ល្បិចចាស់គំរិល តែពួកគេនៅតែយកមកប្រើប្រាស់ដដែល ដើម្បីបោកប្រាស់ម្ចាស់ខ្លួន។

មួយទៀត សួរថា ឃើញតែពួកគេផ្តល់សម្ភាសដល់សារព័ត៌មានបណ្តាញរបស់ពួកគេ ឃើញតែអង្គុយសរសេរវិភាគ ធ្វើអត្ថាធិប្បាយតាមវីដេអូផ្សាយផ្ទាល់ និងមិនផ្ទាល់តាមហ្វេសប៊ុកសោះ ប៉ុន្តែ ពួកគេមានលុយចាយយ៉ាងហ៉ឺហារ។ តើពួកគេបានលុយនោះពីណាមក បើពួកគេគ្មានការងារធ្វើផងហ្នឹង? ហើយបើសុំគេធ្វើការ ក៏គ្មានអ្នកណាយកដែរ ព្រោះពួកគេគ្មានចេះជំនាញអីឱ្យប្រាកដមួយផងហ្នឹង ចេះតែស្រែកព្រុសដូចឆ្កែ ហើយខាំតែជាតិសាសន៍ខ្លួនឯង។ លុយដែលពួកគេទទួលបាននោះ គឺបានមកពីម្ចាស់ប្រទេស គេដាក់ទានខ្លះ ដើម្បីឱ្យបានរស់។ ក្រៅពីនេះ គឺបាន​មកអង្គការអន្តរជាតិមួយចំនួន ហើយសំខាន់មែនទែននោះ គឺបានមកពីការរៃអង្គាសគ្នារបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនខាងក្រៅប្រទេស។

ដូច្នេះហើយ សរុបទៅ ពួកគេខំប្រឹងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាគ្រប់បែបយ៉ាង គឺដើម្បីបានរស់នៅប្រទេសគេបន្ត និងទទួលបានលុយចាយវាយយ៉ាងសប្បាយហ៉ឺហារនៅប្រទេសគេ៕

ដោយ៖ ជម្ពូនុទ