ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះម្ចាស់គណនី Tik Tok ឈ្មោះ នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សឡើយ

ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈោ្មះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងព្រះបរមរាជវាំង ប្រកាសបុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ ។

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជ បង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទៈពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពី ឆ្នាំ២០០៣ មកម្ល៉េះ ។

បើតាក្រសួងព្រះបរមរាជវាំង មានតែវេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ៖ ១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ២- www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ ។

ក្រសួងព្រះបរមរាជវាំង អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕