គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីតំបន់ចាក់អង្រែក្រោម ទៅព្រែកប្រា សាងសង់សម្រេចបានប្រមាណជាង១០ភាគរយហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន ៦ ក្នុងចំណោម ២០ ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះបាន ៤ ក្នុងចំណោម ១២ សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា គឺស្ថិតភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពាននេះ ប្រវែងសរុប ១៦៥០ ម៉ែត្រ ទទឹង ២៧ម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៦០លានដុល្លារអាមេរិក។
ស្ពាននេះបានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៧ ៕
អត្ថបទ៖ ពុទ្ធិកា