ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគ បានបង្ហាញក្តីពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។
លោក Zhao Yudong បានបញ្ជាក់ ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុនវិនិយោគ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពី គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ៕
អត្ថបទ៖ ពុទ្ធិកា