សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
ឯកឧត្តម Jang Yun Gon បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទ៖ ពុទ្ធិកា