ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥៤ ៦៨៦កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។
ក្រសួងការងារបានបញ្ជាក់ថា វិស័យឧស្សាហកម្ម មានតម្រូវការងារចំនួន ៤២ ០១៩កន្លែង វិស័យសេវាកម្មមានចំនួន ៥ ២៣៧កន្លែង និងវិស័យកសិកម្មចំនួន ៧ ៤៣០កន្លែង។ យោងតាមតារាងរបស់ក្រសួងការងារ តម្រូវការកម្លាំងពលកម្មដែលមានច្រើនជាងគេ គឺនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ បន្ទាប់មកខេត្តកំពង់ឆ្នាំង ស្វាយរៀង រតនគិរី តាកែវ ក្រចេះ បន្ទាយមានជ័យ កណ្តាល បាត់ដំបង និងខេត្តផ្សេងៗទៀត។
ក្រសួងការងារ បានអំពាវនាវដល់យុវជន សិស្ស និស្សិត ទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ សម្រាប់ថ្ងៃទី ១៩ ខែសីហា ដល់ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
ជាការកត់សម្គាល់ ក្រសួងការងារ ធ្លាប់បានព្យាករថា កម្ពុជានឹងបង្កើតការងារថ្មីជាង ២៣ម៉ឺនកន្លែងក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០២៤-២០២៦។ តាមការព្យាករដដែល ចំនួនការងារថ្មីនឹងកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម តែធ្លាក់ចុះវិញនៅក្នុងវិស័យកសិកម្ម៕
អត្ថបទ៖ អក្ខរា