បុគ្គលិកផ្នែកគណនេយ្យរបស់សមាគមសម្ព័ន្ធនិស្សិត​បញ្ញាវ័ន្តខ្មែរ ចេញ​សារភាពកំហុស ក្រោយ​ចាញ់បោក​ក្រុមប្រឆាំង​​ក្រៅ​ប្រទេស

កញ្ញា ឡាច ធីណា ជាបុគ្គលិកផ្នែកគណនេយ្យនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលហៅកាត់ថា KCLA បានចេញមុខសារភាពកំហុស និងសូមការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមផែនការបង្កអសន្តិសុខសង្គម និងផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

តាមរយៈវីដេអូដែលសារភាពកំហុស និងសូមទោសដែលមានរយៈពេលជាង១នាទី កញ្ញា ឡាច ធីណែត រៀបរាប់ថា៖ «ខ្ញុំសូមធ្វើការសារភាពកំហុសខុសឆ្គង ដែលបានប្រព្រឹត្តនាពេលកន្លងមក គឺការបង្ករអសន្តិសុខសង្គម ជាពិសេសគឺផែនការចូលរួមនៅក្នុងការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ CLV របស់រាជរដ្ឋាភិបាលកម្ពុជា។ នាងខ្ញុំពិតជាមានការសោកសា្ដយយ៉ាងខ្លាំង ក្រោយពីដឹងខ្លួនថា ត្រូវបានចាញ់បោកក្រុមប្រឆាំងក្រៅប្រទេស ប្រើប្រាស់ជាឈ្នាន់ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល និងសូមគោរពស្នើសូមដល់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មេត្តាសណ្ដោសប្រណៃ និងលើកលែងទោសដល់រូបនាងខ្ញុំផង។»

កញ្ញា ឡាច ធីណែត ក៏អំពាវនាវដល់បុគ្គលិក សមាជិកសមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និងបងប្អូនជនរួមជាតិទាំងអស់ឲ្យឈប់ចាញ់បោកឧបាយកល របស់ក្រុមប្រឆាំងក្រៅប្រទេស ជាពិសេសបុគ្គលឈ្មោះ មាន លីសា ដែលកំពុងអូសទាញយុវជនទាំងប្រុសស្រី ឱ្យដើរតាមខ្លួនដើម្បីសម្រេចគោលបំណងរបស់ អាឡិច ក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ជាមួយគ្នានេះ កញ្ញា ក៏ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការ CLV របស់រដ្ឋាភិបាលខ្មែរ ដើម្បីរួមចំណែករក្សា ការពារសន្តិភាព និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យសំបូររុងរឿងបន្តទៅមុខទៀត។

គួរបញ្ជាក់ថា តាមរយៈការអនុវត្តផែនការប្រឆាំងទប់ស្កាត់អំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ ក្នុងនោះស្រី ២នាក់ ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ ។ ក្នុងនោះសមត្ថកិច្ច ក៏បានដកហូតបាននូវសម្ភារជា វត្ថុតាងមួយចំនួន ដូចជា ​ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែកសម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។

ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ពុទ្ធិកា