រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ឯកឧត្តម កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួលបានក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសដែលលឺតែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។ នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា ជាបន្តបន្ទាប់ទៀត។
ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ធ្វើការវិនិយោគមុនគេ នៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនីនេះ។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន ZO MOTORS (Cambodia) បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏ជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មជាងគេមួយក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែត យន្តការនៃការគ្រប់គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជាមានភាពឈានមុខ ជាងប្រទេសនានាក្នុងតំបន់។
ក្រុមហ៊ុន បានប្តេជ្ញានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គីសនី ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះផងដែរ យើងមានជាមួយគម្រោងស្ថានីយបញ្ចូលថាមពលដែលនឹងប្រើប្រាស់ថាមពលជាតិឱ្យអស់លទ្ធភាព ព្រមទាំងបំរើនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗទូរទាំងប្រទេសផងដែរ។ ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលសុខសន្តិភាព។
គួរបញ្ជាក់ថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង៕
អត្ថបទ៖ ពុទ្ធិកា