សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពជោគជ័យរបស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់លោកជំទាវ។
សម្តេចតេជោ បានបន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរនិងតំបន់ ជាពិសេស សហគមន៍អាស៊ាន។
ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា ប្រទេសទាំងពីរ បានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកជំទាវ ជានាយករដ្ឋមន្ត្រីថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅ មកជូនប្រជាជាតិ និងប្រជាជនទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងលិខិតថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងសភានៃព្រះរាជាណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ៕
អត្ថបទ៖ អក្ខរា