ក្នុងពិធីបើកបវេសនកាលរដ្ឋសភា នៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំធំៗនានាកន្លងមក។
ព្រះមហាក្សត្រ មានព្រះបន្ទូលថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏មានហឫទ័យសោមនស្សរីករាយផងដែរ ដោយ បានឃើញថា ជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោត ទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើង សម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។
ជាមួយគ្នានោះ ព្រះអង្គមានព្រះរាជបន្ទូលកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាននូវសមិទ្ឋផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ននៅលើទឹកដីកម្ពុជា។
ក្នុងព្រះរាជសារព្រះអង្គបានគូសបញ្ជាក់កោតសរសើរដល់រដ្ឋសភា ដែលបានអនុម័តច្បាប់សំខាន់ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបានអនុម័តរួចនៅនីតិកាលមុនៗ និងជាការបំពេញបន្ថែមដ៏មានសារសំខាន់បំផុតសម្រាប់ធានា នូវនិរន្តរភាពនៃដំណើរឈានឡើង និងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។
បន្ថែមទៀតនោះ ព្រះករុណា ព្រះមហាក្សត្រ កោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេងក្នុងនាមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្រ មានព្រះបន្ធួលកោតសរសើរ ចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការ ស្ដារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងរបស័កកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រ ជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា៕