សហភាពប្រៃសណីយ៍សកល នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជួបពិភាក្សាការងារជាមួយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។

លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។

លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។

គួរបញ្ជាក់ថា សហភាពប្រៃសណីយ៍សកល (UPU) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្រប​សម្រួល​ប្រៃសណីយ៍ជាសកល។ សហភាពប្រៃសណីយ៍សកល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។

 បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងមនុស្ស ជុំវិញពិភពលោក៕

អត្ថបទ៖ ពុទ្ធិកា