ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី និងអភិរក្ស ចំនួន ៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការអប់រំគ្រប់រូបភាព ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនមែនផ្លូវការ ជាមធ្យោបាយស័ក្ដិសិទ្ធិ ក្នុងការធានាឲ្យមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំ កម្រិតឧត្តមសិក្សានៅកម្ពុជា៕