សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានអនុវត្តច្បាប់ចំពោះអ្នកបង្កើតចលនាខុសច្បាប់បង្កឱ្យមានភាពវឹកវរដល់សង្គម តាមរយៈសកម្មភាពបំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។ ការព្រមានរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ប្រជាពលរដ្ឋ និងអ្នកដែលបានស្តាប់តាមការញុះញ៉ង់ពីក្រៅប្រទេសមកនោះថា «តើអំពើដែលបានរៀបចំទាំងគ្រាប់បែក រៀបចំទាំងដបសាំង រៀបចំដំបង រៀបចំជំពាម តើនេះឫការត្រៀមរៀបចំឧបករណ៍សម្ភារសម្រាប់ធ្វើបាតុកម្មអហឹង្សា? ទី២ ផែនការគោលគំនិតចេញច្បាស់លាស់ហើយ គឺផ្តួលរំលំរដ្ឋាភិបាល មិនមែនត្រឹម ដក ឫមិនដក ពី CLV នោះទេ»។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្នកដែលចង់ឱ្យកម្ពុជាដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើឱ្យសោះមិនមានផលចំណេញឡើយចំពោះជាតិ និងប្រជាជន។ ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិ ហើយពិសេសសេដ្ឋកិច្ចជាតិនឹងអន់ថយ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អ្នកដែលគាំទ្រ និងមិនគាំទ្រចំពោះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែធ្វើយ៉ាងណា កុំឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ និងឈានទៅដល់ការបែកបាក់ឯកភាពជាតិ។
អត្ថបទ៖ ពុទ្ធិកា