ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។
អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកនេះ មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។
តាមរយៈព្រះរាជសាររបស់ព្រះអង្គ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន»។
នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ អក្ខរា