រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ទៅគណបក្សកម្លាំងជាតិថា ទីលានប្រជាធិបតេយ្យគឺជាទីកន្លែងសម្រាប់បញ្ចេញមតិ ជាសាធារណៈតែប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជនោះទេ។
ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ បានស្នើសុំទីតាំងទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:៣០នាទី ដល់វេលាម៉ោង ១៥:០០នាទី ដោយមានអ្នកចូលរួមប្រមាណជា ១,៥០០នាក់។
សំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ ដោយមូលហេតុផ្អែកទៅតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ទីលានប្រជាធិបតេយ្យគឺជាទីកន្លែងសម្រាប់បញ្ចេញមតិ ជាសាធារណៈតែប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យគណបក្សកម្លាំងជាតិធ្វើការជួបជុំសមាជិក សមាជិកា រៀបចំសមាជវិសាមញ្ញ នៅទីស្នាក់ការគណបក្សរបស់ខ្លួន ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងអនុវត្តឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕