រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ។
ញត្តិរបស់រដ្ឋសភា បានលើកឡើងថាថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវការការពារសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញក្នុងជំពូក ៣ ដោយ ប្រជាពលរដ្ឋទាំងពីរ ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ និង មានសិទ្ធិជ្រើសរើសមុខរបរសមស្រប់តាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម ហើយសេចក្តីស្នើ ទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់។ រដ្ឋសភាកម្ពុជាមិនដែល អនុម័តច្បាប់ណាមួយ ដែលមានចរិតរើសអើងប្រជាពលរដ្ឋរបស់ខ្លួនណាមួយឡើយ។ ការចូលបម្រើការងាររាជការ គឺគោរពតាមច្បាប់ជាធរមាន ដែលធានា នូវសមភាព តម្លាភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសដាច់អហង្ការ និងសូមសា្ថប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសូមអំពាវនាវដល់ជនរួមជាតិទាំង- អស់ សូមមានស្មារតីប្រុងប្រយ័ត្ន និងថ្កោលទោសដាច់អហង្ការ ចំពោះទង្វើទុច្ចរិតប៉ុនប៉ងញុះញង់របស់ក្រុមឧទ្ទាម ក្រៅច្បាប់ ក្នុងគោលបំណងបង្កអស្ថិរភាពសង្គម បំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួល បានបន្ទាប់ពីការបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអតេជោ ហ៊ុន សែន។
ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ប្រកាសគាំទ្ររាល់វិធានការណ៍របស់រាជរដ្ឋាភិបាល ដែលបានចាប់ឃាត់ខ្លួន ពួកឧទ្ទាមក្រៅច្បាប់មួយចំនួនរួចបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ហើយសុំទាមទារឱ្យរាជរដ្ឋាភិបាលបន្តស្វែងរក និងកំណត់ឱ្យបានគ្រប់រូបឧក្រិដ្ឋជន និងជាជនក្បត់ជាតិទាំងនៅ ក្នុងប្រទេសនិងនៅក្រៅប្រទេស ដោយពុំមានការលើកលែង ដើម្បីចាប់យកមកផ្តន្ទាទោសឱ្យបានឆាប់ ហើយក្នុង ករណីកាត់ទោសកំបាំងមុខ សូមស្នើឱ្យអន្តរនគរបាលអន្តរជាតិតាមចាប់ឧក្រិដ្ឋជនទាំងនេះនៅក្រៅប្រទេសរួច បញ្ជូនមកផ្តន្ទាទោសនៅកម្ពុជា។ បើតាមរដ្ឋសភា, ក្នុងករណីកាត់ទោសកំបាំងមុខ សូមទាមទារឱ្យប្រទេសដែលមានសន្ធិសញ្ញាស្តីពី បត្យាប័នស្នើបញ្ចូនមកប្រទេសយើង ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ អក្ខរា