សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានអះអាងថា ការបញ្ចេញសារសំឡេងរបស់សម្តេចឱ្យបងប្អូននៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដឹង គឺមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន។
តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី១២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរ បានស្គាល់អត្តសញ្ញាណនៃសមាជិកនៅក្នុងគ្រុប «រួបរួមដើម្បីជាតិ»អស់ហើយ ដូច្នេះ សម្តេចបានស្នើកុំភ័ន្តច្រឡំថា រាជរដ្ឋាភិបាលមិនដឹងសកម្មភាពអ្វីឱ្យសោះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានមិនឱ្យក្រុងប្រឆាំងក្នុងប្រទេស ឆ្លងផុតបន្ទាត់ក្រហម ហើយឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។
សម្តេចតេជោ មានប្រសាសន៍ថា៖ «ការញុះញង់ពីអ្នកក្រៅប្រទេស គឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែ បងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់ នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ ប៉ុន្តែខ្ញុំគ្រាន់តែសូមអំពាវនាវចំពោះបងប្អូនកុំដើរឆ្លងផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំដូចដែលពួកឧទ្ទាមក្រៅច្បាប់ បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលចាប់បង្ខំឱ្យរាជរដ្ឋាភិបាល ត្រូវតែយកវិធានការចាំបាច់ ដើម្បីនឹងទប់ស្កាត់អនាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គម»។
ជាថ្មីទៀត សម្តេចតេជោ ហ៊ុន សែន សូមកុំប្រៀបធៀបកម្ពុជា ទៅជាមួយនឹងបង់ក្លាដេសឱ្យសោះ ព្រោះរឿងនេះវាមិនអាចទៅរួចទេ ហើយសម្តេចអំពាវពាវដល់ប្រជាពលរដ្ឋត្រូវគិតឱ្យបានហ្មត់ចត់មុនពេលធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។ រដ្ឋាភិបាលមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់ បំផ្លាញសេចក្តីសុខរបស់ប្រជាជន ១៧លាននាក់ បានឡើយ។ នេះជាការសង្កត់ធ្ងន់បន្ថែមពីសម្តេចតេជោ៕
អត្ថបទ៖ អក្ខរា