ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បារាំងក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយអ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បករកម្ពុជា គឺលោក វណ្ណដា បានសម្តែងនិងច្រៀងបទចម្រៀងនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលបានផ្តល់នូវកិត្តិយស និងបង្ហាញពីសិល្បៈកម្ពុជា ទៅកាន់ពិភពលោក។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងអរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរ យ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាកម្ពុជា បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ៕