សមាគមអ្នកនិពន្ធខ្មែរ គ្រោងដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅខេត្តទាំង៤នៃភូមិភាគឦសាន្ត

តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យ​ដឹង​ថា សមាគមអ្នកនិពន្ធ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិ​ភាគ​ឦសាន្តប្រទេស​ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌល ដើម្បីឱ្យសិក្ខាកាមបាន​ស្វែងយល់​អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។

តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល​៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។

លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា ការរៀបចំឱ្យមាន​ដំណើរ​​ទស្សនកិច្ចទៅកាន់ខេត្តទាំង៤នេះ គឺជាការល្អសម្រាប់សិក្ខាជាអ្នកនិពន្ធ ដើម្បីបំពេញចំណេះដឹង​បន្ថែម បន្ទាប់ពីសិក្ខាកាម បានបញ្ចប់វគ្គសិក្សា ផ្នែកតែងនិពន្ធនៅក្នុងថ្នាក់រៀន។

លោក ពៅ សុខ បញ្ជាក់ថា ការរៀបចំឱ្យមានដំណើរតស្សនកិច្ចដល់សិក្ខាកាមតែងនិពន្ធ របស់សមាគមអ្នក​និពន្ធ​ខ្មែរ មិនមែនទើបតែជាលើកដំបូងនឡទេ ព្រោះកន្លងមក រាល់ពេលបញ្ចប់វគ្គសិក្សា សមាគមតែង​តែរៀបចំឱ្យមានដំណើរទស្សនកិច្ចបែបនេះ ក្នុងនោះមានទៅកាន់សក្តានុពល គឺខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។

លោកបន្ថែមថា ប្រសិនបើមានការឧបត្ថម្ភណាមួយនោះ លោកចង់ឱ្យមានដំណើរទស្សនកិច្ចបែបនេះ ឱ្យ​បាន​ច្រើន ដើម្បីពង្រីកការយល់ដឹងបន្ថែម​ទៀត ដល់សិក្ខាកាម បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សានីមួយៗ៕