នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើការជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ សម្តេចធិបតី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានជជែកលេងជាមួយនិងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានជម្រាបជូនពលរដ្ឋអំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់
រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។
គួរជម្រាបថា ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង ១២ម៉ឺនហិចតានៅរដូវប្រាំង។ ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដេីរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលេីនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហារនិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ៕
អត្ថបទ៖ អក្ខរា