មាំមួន ក្លាំងក្លា! សម្តេចតេជោ ហ៊ុន សែន ជះរាងសង្ហាលើទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីអាក់ខានច្រើនខែ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ។

សម្តេចតេជោ បានបង្ហោះសំណេរអមដោយរូបភាពជាច្រើនសន្លឹកយ៉ាងដូច្នេះថា៖ “ខានវាយកូនគោលតាំងពីថ្ងៃ៣០ ធ្នូ២០២៣ រហូតមកដល់ពេលនេះ ច្រើនថ្ងៃខែមកហើយ។ ថ្ងៃនេះមកវាយតារាងខ្លីៗ ជាការហាត់ប្រាណពេលព្រឹកនៅ City Golf”។

សម្តេចតេជោ ហ៊ុន សែន ទើបតែខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ តាមរយៈភាពមាំមួន ក្លាំងក្លា និងស្វាហាប់របស់សម្តេចតេជោ ក្នុងវ័យនេះ បានធ្វើឲ្យប្រជាពលរដ្ឋអ្នកគោរពស្រលាញ់សម្តេច កោតសសើរមិនដាច់ពីមាត់។

អ្នកប្រើប្រាស់បណ្តាញសង្គម បានចូលទៅខំមិនក្នុងហ្វេសប៊ុកសម្តេចតេជោថា៖ “មាំមួន ក្លាំងក្លា និងសង្ហាជាប់ជានិច្ចវីរបុរសសន្តិភាព និងជ័យជំនះកម្ពុជា ។ សូមគោរព និងបួងសួងសុំឲ្យសម្តេចពុកមានសុខភាពល្អ រាងកាយមាំមួន អាយុយឺនយូរ និងឈ្នះអស់មារសត្រូវជានិច្ចនិរន្តរ៍”។

អ្នកខ្លះទៀតថា ត្បិតតែសម្តេចតេជោមកវាយតារាងខ្លីៗ ជាការហាត់ប្រាណ តែថ្ងៃនេះថ្វីដៃសម្ដេចវាយបានល្អណាស់សូមគោរពកោតសរសើរសម្ដេច។ សម្រាប់គណនីហ្វេសប៊ុកឈ្មោះ Prak Savoan បានខំមិនថា៖ “កីឡាករតាំងពី​ទសវត្យ៨០ សម្តេចលេងបានគ្រប់ទម្រង់កីឡា សម្តេចមានភាពស្វាហាប់ រវៀសរវៃ ។ ខ្ញុំបាទសូមគោរព និងនិយាយដោយស្មោះត្រង់ ការពិត នូវអ្វីដែលខ្ញុំធ្លាប់បានចូលរួមលេងជាមួយសម្តេច។ សូមគោរពជូនពរសម្តេច សូមមានសុខភាពល្អ មាំមួន និងព្រះជន្មយឺនយូរ ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅមុខជារៀងរហូត”។

គណនីហ្វេសប៊ុកឈ្មោះ Kimcheat Hun បានលើកឡើងថា “សម្តេច ពូ ចាស់តែ អាយុទេ សំខាន់ រាង មិនចាញ់ កូន ក្មួយទេ បាទ”។ ចំណែកគណនីហ្វេសប៊ុក ប៉ាវ ពិសិដ្ឋ បានសរសេរថា៖ “សុខភាពរបស់សម្តេចពុក គឺសំខាន់ខ្លាំងណាស់។ កូនសប្បាយចិត្ត ដែលសម្តេចពុក ប្រកបដោយសុខភាពល្អ និងសូមគោរពជូនពរសម្តេចពុកសមប្រកបដោយជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រុសស្រី”។

គួរកត់សម្គាល់ថា សម្តេចតេជោជាអ្នកចូលចិត្តលេងកីឡាមួយរូប ក្នុងនោះកីឡាវាយកូនគោលគឺជាកីឡាដែលសម្ដេចតេជោ ចូលចិត្តជាងគេក្នុងចំណោមកីឡានានា។ សម្តេចតេជោធ្លាប់បានលើកឡើងថា កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សមានវ័យច្រើន។

នៅក្នុងវ័យពី ១៥ឆ្នាំ ដល់៤៨ឆ្នាំ លេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។ តែសំណាងល្អប្រទេសមានសន្តិភាព និងការអភិវឌ្ឍ វត្តមានតារាងកូនគោលកើតមាននៅកម្ពុជា សម្តេចក៏ចាប់ផ្តើមប្តូរមកវាយកូនគោលនៅឆ្នាំ២០០០។

សម្តេចតេជោ ក៏បានប្រឡងយក Licence វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០០១ផងដែរ។ ដោយភ្ជាប់ជូននូវ Licence សម្រាប់ឆ្នាំ២០១៩ ដែលសហព័ន្ធកូនគោលបារាំងចេញឱ្យនោះ សម្តេចតេជោ បានឲ្យដឹងថា សហព័ន្ធកូនគោលបារាំងចេញ Licence សម្រាប់ការវាយកូនគោលនេះជូនសម្តេចមួយឆ្នាំម្តង តាំងពីឆ្នាំ២០០១មកម្ល៉េះ។ បើតាមសម្តេចតេជោ, សម្រាប់កីឡាវាយកូនគោលនេះ ត្រូវកាន់ Licence របស់បារាំង ដែលងាយស្រួលដល់ការទៅលេងនៅប្រទេសផ្សេងទៀត ដែលមានការចាំបាច់លើការធានារ៉ាប់រង៕

អត្ថបទ៖ អក្ខរា