រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ចំពោះរឿងនេះដែរ។
ក្នុងសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក RFA Khmer បានធ្វើការផ្សព្វផ្សាយព័ត៌មានជាឃ្លីបវីដេអូស្រង់សម្តីរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់លោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ដែលត្រូវបានចាប់ខ្លួន អមដោយចំណងជើងថា «បើដឹងថាគ្រាន់តែមិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឲ្យគាត់ទៅហើយ»។
រដ្ឋបាលខេត្តកំពង់ចាមពិនិត្យឃើញថា នេះជាការប្រឌិតព័ត៌មានផ្សព្វផ្សាយ ដែលមានចេតនាមួលបង្កាច់ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល បង្កើតឲ្យមានការយល់ច្រឡំនៅក្នុងស្រទាប់អ្នកសារព័ត៌មាន និងសាធារណជន។
រដ្ឋបាលខេត្តកំពង់ចាមសូមធ្វើការបដិសេធចំពោះព័ត៌មានខាងលើនេះ និងសូមធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជនថា៖ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅ គឺមានតែថ្នាក់ដឹកនាំសំខាន់ៗពាក់ព័ន្ធប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីនេះពោលគឺពុំមានការអញ្ជើញប្រជាពលរដ្ឋ ឬមន្ត្រីរាជការទូទៅពីខេត្តកំពង់ចាម ទៅចូលរួមកម្មវិធីនេះឡើយ រាប់ទាំងលោក សាន អឿន ក៏ពុំមានការអញ្ជើញចូលរួមដែរ។
ការចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺជាស្មារតីជាតិនិយម ដែលផុសឡើងដោយឆន្ទៈមនសិការបស់ប្រជាពលរដ្ឋតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ហើយក៏គ្មានការចាប់ទោសទណ្ឌចំពោះអ្នកដែលមិនបានចូលរួមគាំទ្រនោះឡើយ។
ដោយឡែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ដោយបញ្ជាក់ថា ការនាំខ្លួនឈ្មោះ សាន មឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអង្គហេតុ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺមិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ សាន អឿន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ សាន វឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២២៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ។
ចំពោះការលើកឡើងរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់ឈ្មោះ សាន អឿន ថា «បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ» និងការបង្ហោះរបស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំចំពោះការអនុវត្តច្បាប់នៅក្នុងសំណុំរឿងនេះ។ ដូចនេះ គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានាត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះបន្តទៀត៕
អត្ថបទ៖ អក្ខរា