សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅក្រុមហ៊ុន Chery Holding Group Co., Ltd. នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui បានបញ្ជាក់ថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។
លោក Xu Hui បានបន្តថា ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។
ជាមួយគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា។
ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧៕
អត្ថបទ៖ ពុទ្ធិកា