នៅព្រឹកថ្ងៃទី៩ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារចំនួន ៨ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។
តាមរយៈទំព័រហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
សម្តេចធិបតី បានបញ្ជាក់ថា ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចអោយបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ធនាគារទាំង៨ នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕