កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធាឲ្យកាន់តែរឹងមាំ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សុខសន្តិភាពពេញលេញដែលកម្ពុជាមានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃប្រតិការណ៍ធំៗដែលសម្រេចបាន រួមមាន៖ ការគ្រប់គ្រងបជំងឺកូវីដ-១៩ ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។

ឯកឧត្តម បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា និងបានចូលរួមអបអរសាទរខួបលើកទី៥៩ ថ្ងៃបុណ្យឯករាជ្យរបស់សិង្ហបុរី និងអបអរសាទរខួបលើកទី៥៩ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

ឯកឧត្តមបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ហើយថ្មីៗនេះតាមរយៈនៃដំណើរទស្សនកិច្ចរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសិង្ហបុរី បានពង្រឹងលើច្រើនវិស័យដូចជា សន្តិសុខ នយោបាយ វប្បធម៌សង្គម និងទេសចរណ៍ជាដើម។

ដោយឡែកលើវិស័យយោធា កម្ពុជានិងសិង្ហបុរីក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អផងដែរ តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ទាំងផ្នែកជំនាញកងទ័ពជើងទឹក ភាសាអង់គ្លេស និងវគ្គបញ្ជាការសេនាធិការ។

ឯកឧត្តមអគ្គមេបញ្ជាការ បានជឿជាក់ថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យល្អថែមទៀត សំខាន់ការផ្លាស់ប្ដូរគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន និងការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយនិងមនុស្សធម៌។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Bernard Ng Yu បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ អំពីព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជា ពិសេសជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបើកប្រទេសឡើងវិញ និងការប្រឈមជំងឺកូវីដ-១៩។

លោកវរសេនីយ៍ឯក Bernard Ng Yu បានថ្លែងអំណរគុណកម្ពុជាដែលតែងទទួលរាក់ទាក់ចំពោះគណៈប្រតិភូនៃប្រទេសសិង្ហបុរី ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសទី១ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋសឹង្ហបុរី បន្ទាប់ពីប្រកាសឯករាជ្យបានត្រឹមតែ ១ខែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គបញ្ជាការ អំពីការបន្តទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនាថ្ងៃអនាគត ហើយលោកសន្យាថានឹងខិតកសាងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត៕