មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អាជ្ញាធរដាក់ឱសានុវាទឲ្យអ្នកសង់ផ្ទះ ខ្ទម រោងខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និង«អន្លង់ជ្រៃ» ត្រូវរុះរើចេញមុនថ្ងៃទី៣០សីហានេះ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា មន្ទីរបានអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្ត ផ្សេងៗ ចូលមកកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។
ករណីនេះ មន្ទីរបរិស្ថានខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ត សកម្មភាពនេះមិនបានរាងចាលឡើយ នៅតែបន្តកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន មានការកើនឡើង ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។
យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ និងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញការ អនុវត្តន៍ច្បាប់ ឱ្យបាន ១០០% និងអនុវត្តតាមស្មារតីលិខិតលេខ ១១២៧/០៣២៤ សជណ.បស្ថ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬឈូសឆាយ ដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ មន្ទីរបរិស្ថានខេត្ត សូមចាត់វិធានការតាមច្បាប់ដូចខាងក្រោម៖
១.មោឃៈភាពចោល នូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។
២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុង សហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ”។
៣.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឫឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៤.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំងខាងលើ ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។
៥.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៏ រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង ក្នុងសហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” និងចំពោះសាធារណៈជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងតំបន់ ខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចូលរស់នៅ កាន់កាប់ ព្រមទាំងត្រូវរុះរើ ចាកចេញ និងបញ្ឈប់ ឱ្យបានមុនថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ជាកំហិត។
ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត នឹងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការ ស្របតាមនីតិវិធីច្បាប់មិនលើកលែង និងអនុវត្តន៍តាមក្រមបរិស្ថាន និងធនធានធម្មជាតិជាធរមាន។
មន្ទីរបរិស្ថានខេត្ត សង្ឃឹមយ៉ាងមុតមាំថាអាជ្ញាធរមូលដ្ឋាន សាធារណៈជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែលកំពុងរស់នៅ អនាធិបតេយ្យ (កាប់គាស់ ឫរុករានដីព្រៃ ឬឆ្ការ ដុត ឫឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ) នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងពីរខាងលើ នឹងចូលរួមសហការល្អ ក្នុងការ អនុវត្តច្បាប់ ឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕