រញ្ជួយដីនៅជប៉ុន! ឯកឧត្តម ហេង សួរ ណែនាំឱ្យពលរដ្ឋខ្មែរប្រយ័ត្ន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ 

ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្ត្រីណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374។ ឯកឧត្តមក៏ជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះ៕

អត្ថបទ៖​អក្ខរា